ប្រជាពលរដ្ឋរង់ចាំមើល តើអាជ្ញាធរខេត្តកែប ហ៊ានចាត់វិធានការទៅលើលោក តោ សុវុទ្ធី ដែរឬទេ ករណីរំលោភយកដីសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន?

0
73

ខេត្តកែប ៖ អាជ្ញាធរខេត្តកែប អនុវត្តច្បាប់ត្រឹមត្រូវដែរឬទេចំពោះករណីលោក តោ សុវុទ្ធី ដែលរំលោភយកដីសហគមន៍ការពារព្រៃឈើ នៅព្រៃអ្នកតាឈ ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់អង្អើរ ខេត្តកែប ប្រមាណ១ហិចតា រួចហើយឆ្លើយថាច្រឡំប្លង់? ។

មន្រ្តីរាជការមួយចំនួនតូចបានខ្សឹបប្រាប់ថា បច្ចុប្បន្ននេះលោក តោ សុវុទ្ធី កំពុងល្បីល្បាញខ្លាំងណាស់នៅភូមិសាស្រ្តស្រុកដំណាក់អង្អើរ ខេត្តកែប តាមរយៈការសាង សង់ផ្ទះលំហែរ បឹងកាឡូ រំលោភលើដីសហគមន៍ការពារព្រៃឈើ ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់អង្អើរខេត្តកែប ដែលជាដែនអភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើខេត្តកែប ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹងថា ភូមិសាស្ត្រព្រៃសហគមន៍ បានការពារព្រៃឈើដ៏តឹងរឹងបំផុត ហាមប្រាមមិនឲ្យមានបុគ្គលណា ទន្ទ្រានយកដី ឬ កាប់ដើមឈើក្នុងតំបន់នោះឡើយ ប៉ុន្តែឥឡូវនេះ មហាជនងួសចិត្តបានថ្លែងកោតសសើរចំពោះបុគ្គលដ៏មហាអស្ចារ្យគឺ លោក តោ សុវុទ្ធី ដែលមានអំណាចអាចយកដៃបាំងមេឃ ឈូសឆាយទន្ទ្រានព្រៃ យកដីសង់ផ្ទះលំហែរ នៅលើភ្នំដែលជាដី សហគមន៍ការពារ រដ្ឋបាលព្រៃឈើ ខណៈដែលប្រជាពលរដ្ឋទូទៅ គ្មានអ្នកណាហ៊ាន សូម្បីតែកាប់ឈើមួយដើម ព្រោះខ្លាចអំណាចរបស់រដ្ឋបាលព្រៃឈើ ចាប់យកមកផ្តន្ទាទោសអោយជាប់គុកជាប់ច្រវ៉ាក់ ។

ការបែកធ្លាយតាមបណ្ដាញសង្គម បានដាក់ការសង្ស័យថា លោក តោ សុវុទ្ធី អាចនឹងមានខ្នងបង្អែកដ៏រឹងមាំណាមួយនៅក្នុងខេត្តកែបនេះហើយ ទើបថ្លើមធំហ៊ាន ទន្ទ្រានរំលោភយកដីសហគមន៍ព្រៃឈើ នៅចំណុចព្រៃ អ្នកតាឈរ ស្ថិតនៅភូមិចំការបី ប្រមាណជាង១ហិចតា ជាច្រើនឆ្នាំ រហូតបានសាងសង់ផ្ទះលំហែរ បឹងកាឡូ ជាច្រើនខ្នងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ទើបតែបែកធ្លាយថ្មីៗនេះ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មន្ត្រីជំនាញបានចេញសេចក្តីប្រកាសព្រមានលោក តោ សុវុទ្ទី ឲ្យបញ្ឈប់ ជាបន្ទាន់រាល់ការឈូសឆាយ ទន្ទ្រានដីព្រៃរបស់ សហគមន៍ និងសាងសង់ផ្ទះ និងបឹងកាឡូ ប៉ុន្តែបុគ្គលមួយរូបនេះ មិនត្រឹមតែមិនយកត្រចៀកស្ដាប់នោះទេ គឺថែមទាំងបង្កើនសកម្មភាពឈូសឆាយ និងសាងសង់រហូតលេចចេញនូវរូបរាងផ្ទះលំហែរកាយកាន់តែច្រើនខ្នងថែមទៀត ។

អង្គភាពយើងពុំអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធបានឡើយចំណែកប្រជាពលរដ្ឋកំពុងរង់ចាំមើលវិធានការទប់ស្កាត់របស់ឯកឧត្តមអភិបាលខេត្តកំពត និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ក្នុងការទប់ស្កាត់ពួកឈ្មួញមិនឱ្យទន្ទ្រានដីព្រៃរបស់សហគមន៍ដែលបម្រើផលប្រយោជន៍របស់ប្រជាជននៅក្នុងសហគមន៍ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here