
ក្រុងបាវិត៖ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅ ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រុមការងារ អនុសាខា កាកបាទក្រហមកម្ពុជាក្រុងបាវិត ដឹកនាំដោយលោក លឹម សៀមហេង ប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជាក្រុង និងសហការី បាននាំយកអំណោយមនុស្សធម៌ របស់អនុសាខា ផ្តល់ជូន ដល់ជន ងាយ រងគ្រោះ (ចាស់ជរា ជនពិការ គ្រួសារមានជីវភាពខ្វះខាត និង គ្រួសារមានជំងឺប្រចាំកាយ) សរុប ចំនួន ២០ គ្រួសារ មកពីសង្កាត់ប្រាសាទ ក្រុងបាវិត ។
មាន ប្រសាសន៍ ក្នុងឱកាសនោះ លោក លឹម សៀងហេង បាននាំមក នូវ ប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ និងសេចក្ដី នឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហម កម្ពុជា ឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈ កម្មាធិការ សាខា ជូនដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដោយក្តី នឹក រលឹកដែល ជានិច្ចកាល សម្ដេច តែងតែយកចិត្ត ទុកដាក់ គិតគូរ ចំពោះ សុខទុក្ខ ប្រជាពលរដ្ឋ គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការ នយោបាយ ណាមួយឡើយ ។
លោក ប្រធានកិត្តិយសអនុសាខាក្រុង បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការ ប្រុងប្រយ័ត្ន ខ្ពស់បំផុត ក្នុងការ ថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់ យក នៅការ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុង មុងដើម្បីការពារ ជំងឺ គ្រុន ឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ ឱ្យសោះ ត្រូវអនុវត្តន៍ តាមការ ណែនាំ របស់ក្រសួង សុខា ភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀត ដោយសារ ជំងឺដ៏ កាច សាហាវមួយនេះ នៅក្នុង ប្រទេសយើង ។
អំណោយដែលបានចែកជូនទាំង ២០ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖អង្ករ ២៥ គ. ក្រ មី ១0 កញ្ចប់ ទឹកត្រី ៣ ដប ទឹកស៊ីអ៊ីវ ៣ ដប ត្រីខ ៥ កំប៉ុង ទឹកផ្លែឈើ ២ កំប៉ុង និងថវិកា ៤០,០០០ រៀល ៕ដោយ៖ជា រដ្ឋាស្វាយរៀង
