ប្រមុខក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំលឹកដល់កងទ័ពទាំងអស់ ត្រូវរួមគ្នាការពារខណ្ឌសីម៉ា និងថែរក្សាឲ្យបាននូវតំបន់ប្រវត្តិសាស្ត្រយោធា នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ជាប់ព្រំដែនថៃ និងឡាវ !

0
104

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ក្រើនរំលឹកបែបនេះ នៅក្នុងឱកាសដែលសម្តេចពិជ័យ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចុះសាកសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ ,ពិនិត្យតំបន់ប្រវត្តិសាស្ត្រតេជោ ៥មករា ក្នុងភូមិសាស្ត្រវាលឥន្ទ្រី នៅលើកំពូលភ្នំរាប ស្ថិតនៅចន្លោះភ្នំប្រាសាទព្រះវិហារ និងភ្នំទ្រព្យ ជាប់ព្រំដែនថៃ ,ពិនិត្យ និងសម្ភោធដាក់ឲ្យប្រើប្រាស់ តំបន់ប្រវត្តិសាស្ត្រយោធា តេជោបុស្សស្បូវជាំតែ នៅលើខ្នងភ្នំដងរែក ស្ថិតក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ជាប់ព្រំដែនថៃ កាលពីល្ងាចថ្ងៃទី ៣០វិច្ឆិកា និងបន្តចុះជួបកងទ័ព នៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ឡាវ និងសម្ភោធដាក់អោយប្រើប្រាស់ តំបន់ប្រវត្តិសាស្ត្រយោធា ភ្នំ១៩០ តេជោកំពង់ស្រឡៅ នៅថ្ងៃទី១ធ្នូឆ្នាំ២០២០ មកនេះ។
នៅក្នុងដំណើរចុះសាកសួរសុខទុក្ខកងទ័ព ការត្រួតពិនិត្យ និងសម្ភោធដាក់ឲ្យប្រើប្រាស់ តំបន់ប្រវត្តិសាស្ត្រយោធាខាងលើ ដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ បានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងរយៈពេលពីរថ្ងៃមកនេះ ក៏មានការចូលរួមពី អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ,អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ,រដ្ឋលេខាធិការក្រសួងការពារជាតិ ,អគ្គនាយក អគ្គនាយករង ,នាយទាហានជាន់ខ្ពស់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ពជើងគោក ជើងទឹក ,អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី ដែលជាតំណាងគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,កងរាជអាវុធហត្ថ និងកងទ័ពនៅក្នុងតំបន់ ផងដែរ។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានរាយការណ៍ អំពីសភាពការទូទៅ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជូនប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ នៅក្នុងដំណើរមកកាន់តំបន់ប្រវត្តិសាស្ត្រយធា នាទឹកដីទល់ដែនថៃនេះ។
បន្ទាប់មក សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញពិនិត្យតឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ៥មករា ដែលជាភូមិសាស្ត្រកំពូលភ្នំរាប នៃជ្រលងភូមិសាស្ត្រវាលឥន្ទ្រី មានកំពស់ ៣២០ម៉ែត្រ នៅចន្លោះភ្នំប្រាសាទព្រះវិហារ និងភ្នំទ្រព្យ ដែលប៉ែកខាងកើតជាប់នឹងប្រាសាទព្រះវិហារ មានកំពស់ ៦២៥ម៉ែត្រ ,ប៉ែកខាងលិចភ្នំទ្រព្យ មានកំពស់ ៥៨៤ម៉ែត្រ និងប៉ែកខាងជើងភូមិសាស្ត្រវាលឥន្ទ្រី ដែលជាភូមិសាស្ត្រប្រសព្វគ្នា រវាងជើងភ្នំប្រាសាទព្រះវិហារ និងជើងភ្នំទ្រព្យជាប់នឹងប្រទេសថៃ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តថា ទីតាំងតំបន់ប្រវត្តិសាស្ត្រនេះ មានអគារទីបញ្ជាការសន្តិភាព ដែលបានដើរតួនាទីក្នុងការដឹកនាំបញ្ជា ដល់កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងការពារសម្បត្តិវប្បធម៌ជាតិ នៅជុំវិញតំបន់ប្រាសាទព្រះវិហារ ,ទីបញ្ជាការសន្តិភាព តេជោ ៥មករា បានរៀបចំឲ្យក្លាយជាទីតាំងប្រវត្តិសាស្ត្រយោធា ព្រោះត្បិតទីនេះ បានបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្ត្រជាច្រើន ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ នោះមក ក្នុងពេលដែលប្រទេសកម្ពុជា មានជម្លោះជាមួយប្រទេសជិតខាង ក្នុងតំបន់ប្រាសាទព្រះវិហារ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ទីបញ្ជាការសន្តិភាព ៥មករានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្លាប់បានចុះសាកសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅក្នុងទិសទី១ ប្រាសាទព្រះវិហារនេះ ផងដែរ។
ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ សម្តែងការដឹងគុណ និងកោតសរសើរ ដល់កម្លាំងកងយោធពលខេមរភូមិន្ទ ដែលបានប្រយុទ្ធតស៊ូក្រាញននៀលយ៉ាងអង់អាចក្លាហាន ក្នុងការបំពេញភារកិច្ច ការពារអធិបតេយ្យ បូរណភាពទឹកដី និងការពារសម្បត្តិវប្បធម៌ជាតិ ក្នុងទិសប្រាសាទព្រះវិហារ នាពេលកន្លងមក។ សម្តេចពិជ័យ មានប្រសាសន៍ទៀតថា ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា មិនមែនធ្វើនៅតែ ៥មករានេះទេ គឺត្រូវរៀបចំឡើងវិញ នៅទូទាំងប្រទេស ក្នុងការអនុវត្តអនុក្រឹត្យ ដើម្បីគ្រប់គ្រងតំបន់ប្រវត្តិសាស្ត្រយោធា ក្នុងគោលបំណង ថែរក្សាទុកនូវតឹកតាងទាំងឡាយ ដែលបានបន្សល់ទុក ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ បានឃើញថា យើងបានធ្វើការដ៏លំបាក់ ដើម្បីឲ្យពួកគេមានស្មារតីចូលរួម ថែរក្សា ការពារឲ្យបានគង់វង្ស។ ទន្ទឹមនឹងនេះ អាជ្ញាធរដែនដីខេត្តព្រះវិហារ ក៏ត្រូវយកចិត្តទុកដាក់ចូលរួមសហការ ក្នុងការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាមួយចំនួនទៀត ដែលបាន និងកំពុងដំណើរការរៀបចំកសាងឡើង នាពេលនេះ។បន្ទាប់ពីបានត្រួតពិនិត្យ តំបន់ប្រវត្តិសាស្ត្រយោធា តេជោ ៥មករា នោះរួច សម្តេចពិជ័យ បានអញ្ជើញកាត់ខ្សែបូណ៍ បើកឲ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការតំបន់ប្រវត្តិសាស្ត្រយោធា តេជោបុស្សស្បូវជាំតែ ព្រមទាំងបានអញ្ជើញពិនិត្យនូវតឹកតាងប្រវត្តិសាស្ត្រនានា ដែលបានបន្សល់ទុកនៅក្នុងតំបន់ប្រវត្តិសាស្ត្រនេះ ដែលស្ថិតនៅលើខ្នងភ្នំដងរែក ក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ជាប់ព្រំដែនប្រទេសថៃ។ តឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនៅតំបន់នេះ រួមមាន ផ្ទះតាម៉ុក ,លេណដ្ឋានបញ្ជា ,ផ្ទះពេទ្យ ,ឃ្លាំងចាស់ ,អាងទឹក និងអណ្តូងទឹក ផងដែរ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានរាយការណ៍ជូន សម្តេចពិជ័យសេនា ទៀ បាញ់ ថា តំបន់បុស្សស្បូវជាំតែ ពីអតីតកាល គឺជាសមរភូមិប្រទាញប្រទុងដ៏តានតឹងបំផុត រវាងកម្លាំងកងទ័ពប្រជាជនបដិវត្តកម្ពុជា និងកម្លាំងកងទ័ពកម្ពុជា ប្រជាធិបតេយ្យ នាដើមទសវត្ស១៩៨០ និងជាបន្តបន្ទាប់ រហូតមកដល់ដំណាក់កាល អនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទើបតំបន់នេះទទួលបានសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ ក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបន្តថែរក្សាតឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនៅតំបន់ប្រវត្តិសាស្ត្រយោធា តេជោបុស្សស្បូវជាំតែ ឲ្យបានគង់វង្ស ហើយកងទ័ពទាំងអស់ ត្រូវថែរក្សាទីតាំងប្រវត្តិសាស្ត្រយោធាមួយនេះ ជាមជ្ឈមណ្ឌលកណ្តាល ដោយមិនត្រូវធ្វើឲ្យបាត់ស្លាកស្នាមប្រវត្តិសាស្ត្រ នៅទីនេះនោះទេ ព្រោះត្បិតតំបន់នេះ បានរួមចំណែក ដល់កិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ សម្តេចពិជ័យ បានអំពាវនាវ ដល់ស្ថាប័នដែលមានការពាក់ព័ន្ធ ដូចជា ផ្នែកឧទ្យានជាតិ គ្រប់គ្រងគម្របព្រៃឈើ និងវប្បធម៌ ត្រូវចូលរួមសហការគ្នាធ្វើយ៉ាងណា កុំឲ្យមានការបាត់បង់នូវស្លាកស្នាមប្រវត្តិសាស្ត្រ ដ៏មានសារសំខាន់នេះឲ្យសោះ។ សម្តេចពិជ័យ បានជំរុញកងទ័ពទាំងអស់ ឲ្យរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ពីព្រោះពេលនេះជំងឺកូវីដ១៩ បានឆ្លងចូលក្នុងសហគមន៍ ដូច្នេះ ត្រូវរួមគ្នាគោរពតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានា របស់ក្រសួងសុខាភិបាលកម្ពុជា ឲ្យបានម៉ត់ហ្មងបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here