តំបន់ទន្លេឆ្នុកទ្រូកំពុងអភិវឌ្ឍពីភាពអនាធិបតេយ្យ ប្រែក្លាយមកជាមានការរៀបរយបានយ៉ាងសមសួន ក្រោមសោភណ្ឌភាពជំនោរត្រជាក់ គ្មានការរាំងស្ទះដោយសំណង់ផ្ទះបណ្តែតទឹក ទៀតឡើយ !

0
30

ខេត្តកំពង់ឆ្នាំង៖ នរណាៗក៏ដឹងដែរថា ផ្ទៃទន្លេនៃតំបន់ឆ្នុកទ្រូ កាលពីយូរយាមកហើយនោះ គឺពោរពេញទៅដោយសំណង់ផ្ទះយ៉ាងអនាធិបតេយ្យ ត្រូវបានគេសាងសង់ឡើងរាប់រយខ្នង នៅលើផ្ទៃទឹកទន្លេ សម្រាប់ចាប់យកមច្ឆារជាតិតូចធំគ្រប់ប្រភេទ ដោយប្រើប្រាស់ឧបករណ៍នេសាទ ដែលភាគច្រើនមិនស្របច្បាប់ និងធ្វើឲ្យបរិស្ថាននៅទីនោះរងភាពកង្វក់ បរិយាកាសពោរពេញទៅដោយភាពអួរអ័ព្ទ។
ប៉ុន្តែ ពេលនេះទីដ៏ស្មុគស្មាញនោះ កំពុងរើបំរាស់ខ្លួនពីភាពមិនស្អាត មកជាមានសោភណ្ឌភាពយ៉ាងស្រស់បំពេងជាបណ្តើរៗ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
មេឃុំឆ្នុកទ្រូ លោក សាំង គឹមស៊ន បានថ្លែងប្រាប់ឲ្យដឹងថា នៅលើផ្ទៃទឹកទន្លេក្នុងតំបន់ឆ្នុកទ្រូនេះ ពីមុនមក មានសំណង់ផ្ទះអនាធិបតេយ្យរាប់រយខ្នង មានប្រជាជនជាង ១ពាន់គ្រួសារ រស់នៅក្នុង ភូមិចំនួន៣ នៃឃុំឆ្នុកទ្រូ បានសង់ផ្ទះរស់នៅលើទឹកទន្លេ ដោយប្រកបរបរនេសាទត្រី។ លោកបានបន្តថា នៅគ្រាបច្ចុប្បន្ន ប្រជាជនដែលរស់នៅលើផ្ទះបណ្តែតទឹកនោះ បានធ្វើការផ្លាស់ប្តូរមករស់នៅលើដីគោក ស្ទើរទាំងស្រុងហើយ នៅសល់តែ ៧ខ្នងផ្ទះទៀតប៉ុណ្ណោះ ដែលអាជ្ញាធរអនុញ្ញាតឲ្យរស់នៅតាមប្រឡាយទឹក ជាបណ្តោះអាសន្ន ក៏ព្រោះពួកគេមានបែរ ចំនួន ៣០បែរ សម្រាប់ចិញ្ចឹមត្រីដោះដូរជីវភាព។
លោកមេឃុំឆ្នុកទ្រូ បានបន្តទៀតថា ប្រជាជនដែលផ្លាស់ទីមករស់នៅលើដីគោក តាមការរៀបរយរបស់អាជ្ញាធរខេត្តទាំងនោះ ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចផ្តល់ដីលំនៅដ្ឋាន ក្នុង១គ្រួសារ ទទួលបានដីឡូតិ៍ក្នុងទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយប្រវែង ៥០ម៉ែត្រ សម្រាប់សាងសង់ផ្ទះរស់នៅឲ្យបានសមរម្យ។ លោកបានបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអនុវត្តផែនការរុះរើសំណង់ផ្ទះបណ្តែតទឹកនេះ មានរយៈពេល ៤ឆ្នាំមកហើយ ប៉ុន្តែ ទើបទទួលបានជោគជ័យ នៅក្នុងពេលកន្លងមកនេះ ហើយអាជ្ញាធរនឹងបន្តយកចិត្តទុកដាក់ រៀបចំឲ្យមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ អគ្គិសនី និងអណ្តូងទឹក ជាដើម។ល។ សម្រាប់ប្រជាពលរដ្ឋរស់នៅ បានប្រើប្រាស់ និងទទួលបានផាសុខភាពខ្ពស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here