អភិបាលក្រុងព្រះវិហារ បានចុះពង្រឹងការអនុវត្តវិធានការសុខាភិបាល ដល់ម្ចាស់យានយន្តគ្រប់ប្រភេទដែលធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទាំងអស់ យល់ដឹងបន្ថែម ពីវិធានការការពារ ការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ !

0
37

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានដឹកនាំមន្ត្រី នៃរដ្ឋបាលក្រុង ការចុះពង្រឹងការផ្សព្វផ្សាយ និងណែនាំ ដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលបាននិងកំពុងដំណើរការ លើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ចេញពីទីរួមខេត្ត ឆ្ពោះទៅកាន់រាជធានី-ខេត្តនានាក្នុងប្រទេស ដើម្បីឲ្យម្ចាស់យានយន្ត និងអ្នកធ្វើដំណើរ មានការយល់ដឹងបន្ថែមទៀត លើការអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ-១៩ នៅក្នុងរយៈពេល នៃការធ្វើដំណើរ។
ការចុះផ្សព្វផ្សាយ និងណែនាំនោះ បានធ្វើឡើងនៅចំណតរថយន្តក្រុង ចំណតរថយន្តឈ្នួល នៅផ្សារកំពង់ប្រណាក និងនៅអគារ សង្កាត់កំពង់ប្រណាក នាថ្ងៃទី១១ធ្នូឆ្នាំ២០២០នេះ។
អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានថ្លែងថា ការចុះពង្រឹងការផ្សព្វផ្សាយ ណែនាំពីវិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ដល់ម្ចាស់យានយន្ត និងអ្នកដំណើរនៅក្នុងពេលនេះ គឺអនុវត្តតាមការណែនាំ ពីសំណាក់ អភិបាលដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ដោយរដ្ឋបាលក្រុងព្រះវិហារ បានសហការជាមួយ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត និងមានការចូលរួមពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រណាក រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងព្រះវិហារ បានចុះផ្សព្វផ្សាយសេចក្ដីណែនាំ ពីវិធានការ ការពារ ការចម្លងវិរុសកូវីដ-១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរ ដែលស្ថិតនៅទីតាំងមួយចំនួន នៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោក លោក ប៉ុក ងួន បានបន្តថា ក្រុមការងារបានធ្វើការណែនាំ ដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់រថយន្តធ្វើអាជីវកម្ម លើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ដែលត្រូវធ្វើដំណើរពីគ្រប់ភូមិសាស្រ្ត ក្នុងខេត្តព្រះវិហារ ឆ្ពោះទៅកាន់ និងវិលត្រឡប់មកពីរាជធានីភ្នំពេញ ក៏ដូចជាទៅមកតាមបណ្តាខេត្តនានាទៀត ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ណែនាំ និងវិធានការការពារ ការរាត្បាតជំងឺកូវីដ-១៩ ជាពិសេស ការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ លោកថា ក្រុមការងារបានណែនាំដល់ម្ចាស់យានយន្ត ត្រូវបើកបង្អួចរថយន្តឲ្យខ្យល់ចេញចូល «ដោយមិនប្រើម៉ាស៊ីនត្រជាក់» ,អ្នកដំណើរ និងអ្នកបើកបរទាំងអស់ ត្រូវពាក់ម៉ាស់ ដើម្បីជៀសវាងការចម្លងជាយថាហេតុ នៃជំងឺផ្សេងៗ រូមទាំងជំងឺកូវីដ១៩ ផងទៀត ,ត្រូវសម្អាតរថយន្តជាប្រចាំ ដោយប្រើទឹកសាប៊ូ និងជូតអាកុលតាមធ្នាក់កៅអី ,ម្ចាស់រថយន្តត្រូវវាស់កម្ដៅ ត្រូវមានទឹកអាកុល ឬជែលអាកុល ឲ្យអ្នកដំណើរលាងដៃពេលឡើងលើរថយន្ត។ ចំពោះអ្នកបើកបររថយន្តទាំងអស់ បើមានរោគសញ្ញាផ្ដាសាយ ដូចជា ក្ដៅខ្លួន ឈឺបំពង់ករ ហៀសំបោរ ឬពិបាកដកដង្ហើម ត្រូវផ្អាកការបើកបរ ជាបណ្ដោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈ ដើម្បីត្រួតពិនិត្យសុខភាព ដែលជាកិច្ចការងារដ៏ចាំបាច់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here