ពិនិត្យការងារប្រឡងប្រណាំងបង្កបង្កើនផលចិញ្ចឹមសត្វលើកស្ទួយជីវភាពរបស់កងទ័ពផ្នែកសឹករងក្រុងស្ទឹងសែន

0
13

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីចុះពិនិត្យសកម្មភាពក្នុងចលនាប្រឡងប្រណាំង បង្កបង្កើនផលចិញ្ចឹមសត្វលើកស្ទួយជីវភាពរបស់កងទ័ពផ្នែកសឹករងក្រុងស្ទឹង និងដើម្បីជំរុញកិច្ចការងារមួយចំនួនទៀតដែលត្រូវបន្តអនុវត្តន៍ ពិធីនេះបានធ្វើនៅ រសៀលថ្ងៃទី ១៥ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជាការពិតណាស់ សកម្មភាពរបស់ផ្នែកសឹករងក្រុងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំលើការងារប្រឡងប្រណាំង បង្កបង្កើនផលចិញ្ចឹមសត្វលើកស្ទួយជីវភាពរបស់កងទ័ព ក្នុងស្ថានភាពប្រយុទ្ធប្រឆាំង ការពារជម្ងឺឆ្លងមេរោគកូវិដ១៩ បង្ហាញពីស្នាដៃលេចធ្លោគួរអោយកោតសរសើរ ដែលបានគោរពនិង អនុវត្តតាម បទបញ្ជាការដ្ឋានយោធភូមិភាគទី ៤ ក៏ដូចជាការណែនាំរបស់ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រសួងសុខាភិបាល។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ កោតសរសើរ ពីការខិតខំយ៉ាងសកម្មក្នុងការបង្កបង្កើនផលចិញ្ចឹមសត្វដើម្បីលើកស្ទួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃជូនបងប្អូនកងទ័ពដែលរស់នៅនិងហូបចុកនៅក្នុងអង្គភាព និងចែកជូនដល់ក្រុមគ្រួសារបានបរិភោគផងដែរ និងបានដើរតាមការណែនាំក្រសួងការពារជាតិបានដាក់ចេញឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកវរសេនីយ៍ទោសៀងហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន បានបញ្ជាក់ថា អង្គភាពបានចិញ្ចឹមគោពូជចំនួន 17 ក្បាល ត្រៀមសម្រាប់ចែកជូនដល់យោធិនដែលត្រូវចូលនិវត្តន៍ជាបន្តបន្ទាប់តាមឆ្នាំនីមួយៗក្នុងមួយនាក់មួយក្បាល ដើម្បីទុកជាចំណងដៃ ក្នុងពេលទៅរស់នៅក្នុងមូលដ្ឋាន និងមានម៉ាស៊ីន ភ្ញាស់កូនមាន់កូនក្រួច មានមាន់បារាំង ទាកាប ទាកាប៉ា ក្ងាន ស្រះចិញ្ចឹមត្រីចំនួនពីរកន្លែង សម្រាប់ចិញ្ចឹមត្រីឆ្ពិនត្រីប្រាត្រីពីឡាបយ៉ានិងត្រីក្រហម ជាង១៣០០ក្បាល មានសួនបន្លែជាច្រើនមុខ សម្រាប់ការទ្រទ្រង់ជីវភាពហូបចុកទ័ពប្រចាំថ្ងៃ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានធ្វើការផ្តាំផ្ញើរ ឲ្យមានការគ្រប់គ្រងកម្លាំងនៅនឹងកន្លែងក្នុងវិធានការ ការពារការឆ្លងរីករាលដាលមេរោគកូវីដ១៩ បន្ថែមទៀត រួមទាំងរៀបចំកែលម្អសោភ័ណភាពក្នុងទីតាំងបន្ទាយមានកន្លែងធ្វើការងារ កន្លែងសម្រាប់បងប្អូនសម្រាកស្នាក់នៅ ឲ្យមានអនាម័យនិងសុវត្ថិភាព យកចិត្តទុកដាក់អាវុធគ្រប់គ្រងអាវុធគ្រាប់ឲ្យបានល្អប្រសើរ ចំពោះលទ្ធផលនៃការត្រួតពិនិត្យ ត្រូវបានគណៈកម្មាធិការប្រឡង ប្រណាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់ទុកជាអង្គភាពមួយជាប់ចំណាត់ថ្នាក់ ក្នុង ចលនាប្រឡងប្រណាំងទាំង៥ ខ្លឹមសារ ដែលថ្នាក់លើបានកំណត់ ។
ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here