សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបការដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ និងរថយន្តសាំយ៉ុង ដកហូតឈើបានជិត ២០០ដុំ និងសន្លឹក ព្រមទាំងឃាត់ខ្លួនអ្នកដឹកឈើ ៣នាក់ យកមកអប់រំ !

0
38

ដោយ៖ ឡុង សំបូរ
ខេត្តព្រះវិហារ៖ មន្ត្រីរដ្ឋបាលព្រៃឈើ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកឆែប និងមន្ត្រីព្រៃឈើជ័យសែន ចុះឃាត់គោយន្តកន្ត្រៃពីរគ្រឿង និងរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ដកហូតឈើអារលេខ២ បានជិត ២០០ដុំ និងសន្លឹក និងឃាត់អ្នកដឹកឈើ ៣នាក់ បញ្ជូនមកស្នាក់ការរដ្ឋបាលព្រៃឈើ ដើម្បីអប់រំ និងតម្រូវឲ្យបង់ពិន័យអន្តរកាល តាមច្បាប់ស្តីពីព្រៃឈើ។
ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាតនោះ បានធ្វើឡើងកាលពីថ្ងៃទី១៨ធ្នូឆ្នាំ២០២០ ក្នុងពេលវេលា និងទីកន្លែងដាច់ដោយឡែកពីគ្នា គឺស្ថិតនៅក្នុងភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប និងស្ថិតនៅក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
មន្ត្រីព្រៃឈើព្រះវិហារ បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបការដឹកជញ្ជូនផល អនុផលព្រៃឈើ នៅពេលនោះ មន្ត្រីរដ្ឋបាលព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថស្រុកឆែប បានឃាត់គោយន្តកន្ត្រៃដឹកជញ្ជូឈើ ២គ្រឿង ឃាត់ខ្លួនអ្នកដឹកឈើពីរនាក់ និងដកហូតឈើអារ ប្រភេទលេខ២ បាន ៣៤ដុំ ស្មើនឹង ២ម៉ែត្រគូបត្រីគុណ ៩៧៥ ដោយគោយន្តកន្ត្រៃ ១គ្រឿង ផ្ទុកឈើត្រាច ១៧ដុំ ស្មើនឹង ១ម៉ែត្រគូបត្រីគុណ ៤៨៧។ ហើយម្ចាស់គោយន្តដឹកឈើទាំងពីរ ម្នាក់ឈ្មោះ កៅ រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សែរ ស៊ីណាត ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកដឹកឈើទាំងពីរ រស់នៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។ លោកថា ចំពោះវត្ថុតាងគោយន្តកន្ត្រៃទាំងពីរគ្រឿង ឈើអារលេខ២ ដែលមានចំនួន ៣៤ដុំ ស្មើនឹង ២ម៉ែត្រគូបត្រីគុណ ៩៧៥ រួមទាំងម្ចាស់វត្ថុតាង ត្រូវបានបញ្ជូនមកកាន់ផ្នែករដ្ឋបាលព្រៃឈើឆែប បុរសដឹកឈើទាំងពីរនាក់ សុំបង់ពិន័យអន្តរកាល តាមច្បាប់ព្រៃឈើ។
មន្ត្រីព្រៃឈើបានបញ្ជាក់ថា នារសៀលថ្ងៃដដែលនេះ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន បានប្រដេញស្ទាក់ចាប់រថយន្តសាំយ៉ុង ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AS-5034 ដឹកបាវអង្កាមពីលើ បង្កប់ឈើពីក្រោម និងឃាត់អ្នកបើកបរម្នាក់ឈ្មោះ ប៉ុន ពិទូ ភេទប្រុស អាយុ ២៩ឆ្នំា រស់នៅភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀង។ ការបង្ក្រាបរថយន្តដឹកនេះ បានធ្វើឡើងនៅក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន។ ចំណែក ឈើដែលដកហូតបាន ជាប្រភេទឈើលេខ២ គឺឈើផ្តៀក និងឈើទាល មានចំនួន ១៥៥សន្លឹក ស្មើនឹង ៣ម៉ែត្រគូបត្រីគុណ ០៥០ ការដឹកជញ្ជូនឈើទាំងនេះ គ្មានលិខិតអនុញ្ញាតនោះទេ ទាំងឈើ រថយន្ត និងអ្នកបើកបរ ត្រូវបានបញ្ជូនមកកាន់ស្នាក់ការ រដ្ឋបាលព្រៃឈើជ័យសែន។ លោកបានបញ្ជាក់ទៀតថា អ្នកបើកបរព្រមទទួលកំហុស ហើយសុំចូលខ្លួនមកបង់ប្រាក់ផាកពន័យអន្តរកាល តាមច្បាប់ស្តីពីព្រៃឈើ។ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានបញ្ជាក់ថា ការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើនេះ នៅតែបន្តធ្វើដូចភ្លៀងរលឹម ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here