ក្រុមការងារខេត្តចុះពិនិត្យមើលគម្រោងលើកម្ពស់ជីវភាពពលករវិលមកពីក្រៅប្រទេស ដោយនៅលើពិភពលោកបានជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យប៉ពាល់យ៉ាងខ្លាំងក្នុង វិស័យសេដ្ឋកិច្ច ។

0
11

និយាយដោយឡែកនៅប្រទេសកម្ពុជា មិនត្រឹមជួបវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺបានជួបនូវគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ បានធ្វើឲ្យខូចខាតភោគផលដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋទៀតផង ។ ដោយបញ្ហាទាំងនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយបានបង្ខំចិត្តធ្វើចំណាក់ស្រុកដោយប្រថុយប្រថាន ទៅធ្វើការ នៅក្រៅប្រទេសដោយខុសច្បាប់ ទោះបីនៅច្រកព្រំដែននៃប្រទេសទាំងពីរបានបិទដោយសារជម្ងឺកូវិដ១៩ ក៏នៅមានបង ប្អូនប្រជាពលករមួយចំនួន បានលបលួចឆ្លងកាត់នៅតាមច្រករបៀង ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចការពារព្រំដែននៃប្រទេស ទាំងពីរ បានធ្វើការឃាត់ខ្លួនបញ្ជូនមកវិញផងដែរ ។
ក្រោយពីក្រុមការងារខេត្ត ចុះធ្វើការបណ្តុះបណ្តាលដល់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស ដែលកំពុងរស់នៅតាមសហគមន៍ក្នុងឃុំ ចាន់សរ ចំនួន ២៤គ្រួសារ និង ឃុំ ខ្នារពោធិ ចំនួន ២៤គ្រួសារ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលស្ថិតក្នុងស្ថានភាពគ្រួសារ (ក្រ១ និង ក្រ២ ) ត្រូវបានក្រុមការងារខេត្ត ចុះត្រួតពិនិត្យ និង តាមដានលើ គម្រោងលើកកម្ពស់ពលករចំណូលស្រុកវិលមកពីក្រៅប្រទេស កាលពីព្រឹក ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២០ ក្រោមការដឹកនាំ របស់លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរមានការពាក់ព័ន្ធ រួម ទាំងមន្ត្រីរាជការសាលាខេត្ត អាជ្ញាធរស្រុក ឃុំចូលរួមផងដែរ ។ ក្នុងការចុះត្រួតពិនិត្យ បងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ ហើយគ្មានការងារធ្វើនោះក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល រួមសហការជាមួយអង្គការដៃគូរ(IOM) ក្នុងការផ្តល់នូវមុខជំនាញ កសិកម្ម និង ដើមទុន ដើមី្បបង្កើតមុខរបបចិញ្ចឹមជីវិតនៅក្រុមគ្រួសារ ។
តាមការបញ្ជាក់របស់លោក ចឹក គឹមជុន បានគូសបញ្ជាក់ថា គោលបំណងរបស់រដ្ឋបាលខេត្តសៀមរាប នឹង ចង់ផ្តល់លទ្ធភាពឲ្យបងប្អូនបានរស់នៅជួបជុំក្រុមគ្រួសារនៅក្នុងមូលដ្ឋាន និង ឲ្យមានទំនុកចិត្ត ជឿជាក់ និង មានភាពកក់ក្តៅ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង អង្គការដៃគូរ ដើមី្បឲ្យពួកគាត់មានគំនិតថា មិនត្រូវចេញទៅធ្វើការនៅក្រៅ ប្រទេសដូចពេលមុនៗឡើយ ។ លោកក៏បានឲ្យដឹងផងដែរថា ក្រោយពីបងប្អូនពលករ បានទទួលនូវការបណ្តុះបណ្តាលលើមុខជំនាញ បច្ចេកទេស ដែលមន្ទីរជំនាញ និង អង្គការដៃគូរ ចុះមកធ្វើបង្ហាតបង្រៀននៅតាមបណ្តាក្រុង ស្រុក ព្រមទាំងបានផ្តល់នូវពូជសត្វ, សម្ភារៈ ,ចំណី ,គ្រាប់ពូជ គ្រាប់បន្លែ ជាសំខាន់នោះបងប្អូនដែលចង់ធ្វើសិប្បកម្ម ខ្នាតតូច យើងក៏បានផ្តល់ទុនដល់ពួកគាត់ ក្នុងការពង្រីកនូវមុខរបរទៀតផង។ ក្រៅពីបងប្អូនពលករនៅក្នុងស្រុកសូទ្រនិគម ចំពោះស្រុកឯទៀត អាជ្ញាធរខេត្ត និង អង្គការដៃគូរ ក៏បានផ្តល់នូវគម្រោងលើកកម្ពស់ពលករចំណូលស្រុកវិលមកពីក្រៅប្រទេសផងដែរ ។
ក្នុងឱកាសនោះដែរក្រុមការងារក៏បានចុះទៅពិនិត្យ លើសកម្មភាពក្នុងការធ្វើអាជីវកម្ម និង ការដាំដុះបន្លែ ការចិញ្ចឹម មាន់ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here