ការដ្ឋានស្ថាបនាផ្លូវនៃកងវិស្វកកម្មតេជោសៀមរាប ក្នុងដំណាក់ការដំបូង ពង្រឹងគ្រឺះធានាគុណភាពផ្លូវ !

0
19

កងវិស្វកកម្មតេជោ ហ៊ុនសែន សៀមរាប កំពុងបានប្រើប្រាស់គ្រឿងចក្រគ្រប់ប្រភេទប្រមាណជាង៧០គ្រឿង លើការដ្ឋានកសាងកំណាត់ផ្លូវចំនួន២ខ្សែ ក្នុងផែនការដែលបានទទួល៨ខ្សែ ចេញពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ដើម្បីអភិវឌ្ឍក្រុងសៀមរាប !
មានអង្គភាពនិងក្រុមហ៊ុនចំនួន៨ កំពុងមានដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ ស្មើនឹងជាង១០៨គីឡូម៉ែត្រ៧៤ម៉ែត្រ ដើម្បីអភិវឌ្ឍក្រុងទេសចរណ៍សៀមរាប-អង្គរ ។ កងវិស្វកកម្មតេជោ ហ៊ុនសែន-សៀមរាប ជាអង្គភាពមួយនៅក្នុងបណ្តាកងកម្លាំងវិស្វកកម្មអនុវត្តគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែនេះ ដោយទទួលបានការបែងចែកចេញពីគម្រោង នូវកំណាត់ផ្លូវចំនួន៨ខ្សែ ស្មើនឹង២០គីឡូម៉ែត្រ។
លោក ម៉េង ប៉ូគាំង តំណាងផ្នែកប្រតិបត្តិមុខព្រួញការដ្ឋានរបស់កងវិស្វកកម្មតេជោ ហ៊ុនសែន-សៀមរាប បានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា នៅពេលនេះ ការដ្ឋានកំពុងដំណើការស្ថាបនាផ្លូវចំនួន២ខ្សែ ( EN04 និង EN05 )លើគម្រោងដែលទទួលបានចំនួន៨ខ្សែនោះ ដោយប្រើប្រាស់គ្រឿងចក្រសរុបជាង៧០គ្រឿង ក្នុងនោះរួមមានគ្រឿងចក្រប្រភេទអេស្កាវាទ័រ ១០គ្រឿង ត្រាក់ទ័ររុញដី ៤គ្រឿង គ្រឿងចក្ររូឡូកិនបង្ហាប់ដី ៧គ្រឿង នីវើឡឺគៀរដី ២គ្រឿង និងរថយន្តដឹកជញ្ជូនដី ៥០គ្រឿង ។
យោងតាមចំណាត់ការរបស់មេបញ្ជាការកងវិស្វកកម្មតេជោ ហ៊ុនសែន-សៀមរាប(នាយឧត្តមសេនីយ៍ ខេង សុមេធ ) បានបង្ហាញថា ការដ្ឋាន២ខ្សែ ដែលត្រូវបានដំណើរការ លើ៨ខ្សែ គឺស្ថិតលើវិធីសាស្រ្តនៃការថ្លឹងតុល្យភាពរវាងការដ្ឋានដែលត្រូវដំណើរការ ជាមួយនឹងតម្រូវការប្រើប្រាស់ចរាចរណ៍លើដងផ្លូវ បើសិនជាមានដំណើរការទាំង៨ការដ្ឋាន រួមទាំងប្រតិបត្តិការការដ្ឋានរបស់បណ្តាអង្គភាពផ្សេងទៀតនោះ ចរាចរណ៍ក្នុងក្រុងសៀមរាបនឹងត្រូវកកស្ទះ ។ នៅលើការដ្ឋាននៃដងផ្លូវទាំង២ខ្សែនេះ មានដំណើរការត្រាសេ្សរួចរាល់ហើយ និងកំពុងត្រូវបានប្រតិបត្តិការបន្តលើការងារកសាងគ្រឹះផ្លូវ ដោយកាយដីចាស់លើចំណីផ្លូវដែលត្រូវពង្រីកចោលចេញ និងបានដឹកជញ្ជូនដីគ្រួសក្រហម ដាក់ចូលជំនួស កិនបង្ហាប់ ពង្រឹងគ្រឹះ ដើម្បីធានាគុណភាពផ្លូវ។
គួររំលឹកដែថា កន្លងទៅ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា៖ គណៈកម្មការអន្តរក្រសួង បានបង្កើតឲ្យមានក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីចុះត្រួតពិនិត្យ តាមដានលើលក្ខណៈបច្ចេកទេស វាយតម្លៃការងាររបស់អ្នកអនុវត្ត ជម្រុញការសាងសង់ឲ្យអនុវត្តតាមលក្ខខណ្ឌតម្រូវ តាមគោលការណ៍ និងបទដ្ឋានបច្ចេកទេសកំណត់។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ មានទំហំនៃការប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកផ្សេងទៀតក្រៅពីគម្រោងផ្លូវ៣៨ខ្សែ គឺសម្រាប់ការងារចាំ បាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងលូរំដោះទឹកកខ្វក់។ កិច្ចការទាំងអស់នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ គឺប្រហែលស្មើនឹងរយៈពេល១៣ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here