សមត្ថកិច្ចចម្រុះស្រុកឆែប ខេត្តព្រះវិហារ ចុះបង្ក្រាប និងរឹបអូសបានឈើជាច្រើនម៉ែត្រគូប ដែលឈ្មួញបានដឹកយកមកស្តុកទុក ត្រៀមដឹកចេញយកទៅលក់នៅក្រៅរង្វង់ដែនដីខេត្ត !

0
29

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែប បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំម្លូរព្រៃ១ ចុះបង្ក្រាប និងរឹបអូសបានឈើអារជាច្រើនម៉ែត្រូបត្រីគុណ ដែលឈ្មួញបានដឹកយកមកស្តុកទុកជាច្រើនទីតាំង ដោយគ្មានច្បាប់អនុញ្ញាត ដែលការចុះបង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី១០ មករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិពោធិទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែប បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចចម្រុះស្រុកឆែប បានចុះបង្ក្រាប និងរឹបអូសឈើអារជាច្រើនទីតាំង ហើយប្រតិបត្តិការនោះ បានធ្វើឡើងក្រោយទទួលបានបទបញ្ជាពី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប លោក សុខ សាន្តតារា នោះមក។ លោកបានបន្តថា ឈើអារជាច្រើនទីតាំងនេះ ឈ្មួញបានដឹកជញ្ជូនយកមកសន្និធិដោយគ្មានច្បាប់អនុញ្ញាត ហើយសមត្ថកិច្ចធ្វើការរឹបអូសបាននៅក្នុងពេលនេះ គឺជាប្រភេទឈើលេខ១ «ឈើស្រឡៅ» មានចំនួន ៧៧សន្លឹក ស្មើនឹង ៦.១៦០ម៉ែត្រគូបត្រីគុណ។ លោកថា ឈើទាំងអស់នេះមានឈ្មួញមួយក្រុមតូច បានបំផុសប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋចំណាកស្រុក ឲ្យចូលកាប់ផ្តួល អារ និងពុះច្រៀកឈើនៅក្នុងដែនព្រៃ នៃដែនជម្រកសត្វព្រៃព្រះរការ ក្រោមការគ្រប់គ្រងដោយមន្ត្រីឧទ្យាននុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ដើម្បីនាំយកឈើទាំងនោះ ទៅលក់នៅខាងក្រៅរង្វង់ដែនដីខេត្តព្រះវិហារ។
មន្ត្រីព្រៃឈើដដែលបានបញ្ជាក់ថា ក្រោយការបង្ក្រាប និងរឹបអូស ឈើអារទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកឆែប ដឹកជញ្ជូនយកមករក្សាទុក នៅថ្នាលបណ្តុះកូនឈើ នៃផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីផ្តល់លទ្ធភាពឲ្យម្ចាស់ទីតាំងស្តុកទាំងឈើនោះ ចូលខ្លួនមកដោះស្រាយ ក្នុងការបង់ផាកពិន័យអន្តរកាល តាមច្បាប់ ស្តីពី ព្រៃឈើ ប្រសិនបើហួសកាលបរិច្ឆេទ កម្លាំងជំនាញ នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here