
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុករវៀងបានរៀបចំពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចរបស់មន្រ្ដីរាជការរដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុក លោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុក និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងទាំងបី មេឃុំទាំង១២ និងការិយាល័យចំណុះរដ្ឋបាលស្រុករវៀង។
លោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង បានស្នើរដល់លោកនាយករដ្ឋបាលថ្មី ក៏ដូចជាលោក លោកស្រីអនុប្រធានការិយាល័យចំណុះឱ្យរដ្ឋបាលស្រុករវៀង ដែលទើបតែតែងតាំង និងផ្ទេរភារកិច្ចចូលកាន់តំណែងនៅថ្ងៃនេះ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗរួមមាន៖ ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព និងមានការទទួលខុសត្រូវខ្ពស់ កសាងសមត្ថភាព និងការអភិវឌ្ឍន៍ខ្លួនឱ្យបានពេញលេញ ដើម្បីជួយការងាររដ្ឋបាលស្រុក ឱ្យកាន់តែល្អប្រសើរថែមទៀត ពង្រឹងរបៀបរបបបំពេញការងារ និងគណនេយ្យភាពផ្ទៃក្នុងខ្ពស់ ពិសេសគឺទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញស្រុក។
លោកអភិបាលស្រុក ក៏បានថ្លែងការកោតសរសើរដល់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចំណុះឱ្យរដ្ឋបាលស្រុករវៀង ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អប្រសើរកន្លងមក។
នាឱកាសនោះដែរ លោក ហោ ប៊ុនហួរ បានជម្រុញដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិ និងការកាប់រានទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
លោកអភិបាលស្រុករវៀង ក៏បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ការសំអាតអនាម័យដៃ ការពាក់ម៉ាស និងវិធានការផ្សេងៗ ក្នុងការការពារជម្ងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសការងារគ្រប់គ្រងពលករចំណាក និងចំណូលស្រុកឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលនូវការដាក់ចេញនូវវិធានការការពារ បង្ការ ប្រយុទ្ធនឹងជម្ងឺឆ្លងកូវី-១៩៕
