មន្ទីរសាធារណការខេត្តស្វាយរៀងកម្ទេចស្លាកលេខចាស់ៗចោលចំនួន ១៣៥៨ស្លាកដែលពលរដ្ឋបានផ្ទេរកម្មសិទ្ធិថ្មី

0
126

ខេត្តស្វាយរៀង៖ស្លាកលេខចាស់ៗដែលប្រជាពលរដ្ឋបានស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិរថយន្ត តាមបែបបទច្បាប់ ចំនួន ១.៣៥៨ ស្លាក ត្រូវបានកាត់កម្ទេចចោល។នេះបើយោងតាមលោកព្រំ ផូប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែមករាឆ្នាំ២០២១នេះ។

ការកម្ទេចស្លាកលេខចាស់ៗនេះបានធ្វើឡើងនៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលមានការចូលរួមពី លោក នួន លីហួន ប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ និងមន្រ្តីដែលពាក់ព័ន្ធក្នុងការទទួលខុសត្រូវ ជាច្រើនរូបទៀតផងដែរ។

លោកបានបន្តថាមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចផ្លាកលេខចាស់ៗ ដែលបន្សល់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ បានធ្វើការផ្ទេរកម្មសិទ្ធ តាមបែបបទច្បាប់ត្រឹមត្រូវ និងរួចរាល់ជាស្ថាពរ ចាប់តាំងពីទទួលបានសេចក្តីណែនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ បានចេញសេចក្តីប្រកាសនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងមក។

លោកព្រំ ផូបន្តថាសព្វថ្ងៃនេះប្រជាពលរដ្ឋដែលមានរថយន្តមិនទាន់ផ្ទេរកម្មសិទ្ធិគឺនៅតែបន្តមកធ្វើជារៀងរាល់ថ្ងៃនៅមន្ទីរសាធារណការខេត្តស្វាយរៀងហើយមន្ត្រីជំនាញយើងបានខិតខំសម្រួលឯកសារនានាដើម្បីមានភាពងាយស្រួលក្នុងការផ្ទេរកម្មសិទ្ធិនេះផងដែរ។

សូមបញ្ជាក់ថាការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត។ ចំពោះឯកសារតម្រូវ៖ ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំនិងមានបិតសំណៅលេខកាល់(តួឬសាក់ស៊ី)ដែលបានចម្លងជាក់ស្តែងពីយានយន្ត បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ។ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស) បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត – លិខិតទិញលក់ – កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។ចំពោះ ទីតាំងនៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត៕ដោយជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here