លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រំស្នើក្រសួងអប់រំយុវជននិងកីឡា សុំសាលារៀនពីរខ្នងខណៈដែលសិស្សមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ

0
54

ខេត្តស្វាយរៀង៖ លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រំដែលជាសាលាគំរូមួយខាងបរិស្ថានស្អាតស្ថិតនៅក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានធ្វើការអំពាវនាវស្នើសុំក្រសួងអប់រំយុវជននិងកីឡានូវសាលារៀនពីរខ្នងខណៈអាគារមួយខ្នងកំពុងតែមានសភាពទ្រុឌទ្រោមខ្លាំងនិងដោយសារកំណើនរបស់សិស្សកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែលនាំឲ្យមានការខ្វះអាគារសិក្សា។ហើយសូមស្នើដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងសូមជួយបន្ថែមគ្រូបង្រៀនក្របខ័ណ្ឌឲ្យបានគ្រប់គ្រាន់ថែមទៀតព្រោះសាលាកំពុងខ្វះគ្រូបង្រៀនជាច្រើននាក់ផងដែរ។

ការអំពាវនាវរបស់លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅសាលារៀនបឋមសិក្សស្វាយជ្រំបែបនេះបានធ្វើឡើងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះ។

លោកគ្រូចាន់ សំអនមានវ័យ៤២ឆ្នាំជានាយកសាលាបឋមសិក្សាស្វាយជ្រំបានឲ្យដឹងថាលោកបានមកធ្វើជាសាលារៀនបឋមសិក្សាស្វាយជ្រំនេះតាំងពីឆ្នា២០១៣មកម្លេះគឺបានរយៈពេល ៨ ឆ្នាំមកហើយ។សាលានេះបង្កើតឡើងនៅឆ្នាំ ១៩៥៣ ដែលមានឈ្មោះដើមថាសាលាបឋមសិក្សាដុក ផង់។ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩សាលាបឋមសិក្សាសិក្សាដុក ផង់បានប្ដូរឈ្មោះមកជាសាលាបឋមសិក្សាស្វាយជ្រំវិញ។បច្ចុប្បន្នសាលាបឋមសិក្សាស្វាយជ្រំមានអាគារសិក្សា ៦ ខ្នងស្មើនឹង ២៦បន្ទប់មានសិស្សសរុប១០០១ នាក់ស្រី ៤៩៦នាក់មានគ្រូសរុប៣២ នាក់ស្រី ២៥ នាក់ដែលចែកចេញជាពីរកម្រិតគឺមត្តេយ្យនិងបឋមនិងមាន២៥ថ្នាក់។

លោកគ្រូបានបញ្ជាក់ថាសព្វថ្ងៃដោយសារកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យសាលាបឋមសិក្សាស្វាយជ្រំខ្វះគ្រូបង្រៀននិងខ្វះអគារសិក្សា។

លោកគ្រូបានបន្តថាក្នុងឆ្នាំសិក្សា១៩.២០២០សាលាបានទទួលពានរង្វាន់ធំៗចំនួន៣ដូចជា៖ទី១.ពានរង្វាន់អមដោយមេដាយមាសជាសាលាមេត្រីបរិស្ថានកម្ពុជាពីក្រសួងបរិស្ថាន។ទី២.ពានរង្វាន់មាសសាលាមេត្រីបរិស្ថានអាស៊ាន ទី៣.ពានរង្វាន់សាលាស្អាតពីសម្ដេចតេជោហ៊ុនសែនចំណាត់ថ្នាក់លេខ ១។

លោកនាយកបានបន្តថាសាលាក៏មានសកម្មភាពមួយចំនួនផ្សេងទៀតដូចជា ការដាំបន្លែ ចិញ្ចឹមត្រី ដាំដើមឈើ ធ្វើជីកំប៉ុស្តសម្រាប់ស្រោចដំណាំ និងប្រមូលសំរាមក្នុងបរិវេណសាលាជាដើមហើយសកម្មភាពទាំងនេះ គឺជាការងាររួមដែលសាលាតម្រូវឲ្យសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី៦ ត្រូវអនុវត្តនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ហើយចាត់ទុកជាមេរៀនបំណិនជីវិត។

លោកបានបន្ថែមថា បន្លែដែលដាំដោយសិស្សានុសិស្សនោះ មានដូចជាពោតបារាំង ត្រកួន និងស្ពៃជាដើម លើផ្ទៃដី១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ហើយក៏មានស្រះចិញ្ចឹមត្រីចំនួន៣ផងដែរ។ដោយសកម្មភាពទាំងនេះគោលបំណងដែលសាលាឲ្យសិស្សធ្វើការងារកសិកម្មនេះ គឺដើម្បីឲ្យក្មេងៗអាចស្វែងយល់ពីសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ ចេះដាំដំណាំ និងចូលរួមថែរក្សាបរិស្ថានផងដែរ។ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ អាចបេះបន្លែ និងចាប់ត្រីដែលដាំនៅក្នុងសាលាទៅបរិភោគបាន ដោយមិនចាំបាច់បង់ថ្លៃនោះទេ។ បន្លែ និងត្រីមួយផ្នែក ត្រូវប្រមូលផលយកទៅលក់នៅផ្សារ ដើម្បីយកលុយមកទិញគ្រាប់ពូជដាំបន្ថែមទៀត។

លោកគ្រូបានបន្ថែមថាទិសដៅបន្តនៅពេលខាងមុខសាលាបឋមសិក្សាស្វាយជ្រំនឹងខិតខំកែលម្អបរិស្ថានសាលារៀនបន្ថែមទៀតនឹងបន្តទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធនិងសប្បុរសជននានាដើម្បីកៀងគរថវិកាមកកែលម្អបរិស្ថានសាលារៀនព្រមទាំងខិតខំបន្តពង្រឹងគុណភាពបង្រៀននិងរៀនដើម្បីឲ្យសិស្សានុសិស្សទទួលការសិក្សាប្រកបដោយគុណភាព ប្រសិទ្ធភាពនិងបរិយាប័ន្ននិងឈានទៅទទួលបានជានាយកល្អពានរង្វាន់សម្ដេចតេជោហ៊ុនសែននិងពានរង្វាន់សាលាសេវាសាធារណៈគម្រូនាឆ្នាំសិក្សា២០២០.២០២១ខាងមុខ៕ដោយជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here