រថយន្តសណ្តោងរ៉ឺម៉កដឹកឈើមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវត្រូវសមត្ថកិច្ចប្រដេញស្ទាក់ចាប់

0
28

ថ្ងៃទី 16 ខែ01ឆ្នាំ2021 ម៉ោង 3:35

ខេត្តពោធិសាត់: រថយន្តមួយគ្រឿងសណ្តោងរ៉ឺម៉កដឹកឈើក្រឡាប់ធ្លាក់ផ្លូវគ្រាដែរត្រូវសមត្ថកិច្ចប្រដេញស្ទាក់ចាប់ ។

សេចក្តីរាយការណីពីកន្លែងកើតហេតុ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះបានឱ្យដឹងថា រថយន្តសណ្ដោងរ៉ឺម៉កដឹកឈើមួយគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការប្រដេញស្ទាក់ចាប់ រហូតទាល់តែធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង ផ្ដើមចេញពីរឿងទំនាសផលប្រយោជន៍(សុីដាច់គ្នា)ព្រោះគេឃើញក្រុមសមត្ថកិច្ច និងក្រុមជនដែលរកស៊ីដឹកជញ្ជូនឈើនៅឈរជជែកគ្នាដូចជាទំនងចរចារឿងអ្វីមួយយ៉ាងយូរ ។

ដោយឡែកក្រុមជនរកស៊ីដឹកជញ្ជូនឈើទាំងនេះត្រូវគេមើលឃើញថាធ្វើសកម្មភាពស្ទើរតែរាល់យប់មិនដែលបង្ក្រាបម្តងណាឡើយ ។

សេចក្តីរាយការណ៍ខាងលើដដែលបានឱ្យដឹងទៀតថា ករណីកម្លាំងសមត្ថកិច្ចដេញបង្រ្កាបរថយន្តសណ្ដោងរ៉ឺម៉កដឹកឈើ ខាងលើរហូតទាល់តែធ្លាក់ផ្លូវ គឺបណ្តាលអោយកើតមានរឿងបែបនេះនៅវេលាម៉ោងប្រមាណ៤ភ្លឺឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចគល់ស្ពានថ្មដើមចំបក់ធំ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨.និង ៩ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងទៀតថានៅ មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក
ឌុយម៉ិច ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ សណ្ដោងរ៉ឺម៉កនិងមានផ្ទុកឈើអារពេញព្រៀបប្រមាណ៧ទៅ៨ម៉ែត្រគិប ចេញពីតំបន់ទំនប់អាងទឹកទី៣ ស្ថិតនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធុសាត់បើក ឆ្លងកាត់ទីរួមស្រុកភ្នំក្រវាញ និងស្ថាប័នជំនាញពាក់ព័ន្ធដែលនៅបណ្ដាក់គ្នាដូចខ្យងតាមផ្លូវដោយឆ្ពោះទៅទិសខាងត្បូងសំដៅទៅទីរួមខេត្ត លុះមកដល់កន្លែងកើតហេតុគេឃើញមានរថយន្តក្រុមសមត្ថកិច្ច១ហ្វូងប្រដេញតាមស្ទាក់ចាប់យ៉ាងប្រសេចប្រសាចពេញផ្លូវទើបបង្កអោយមានបញ្ហាបែបនេះកើតឡើង ។

សេចក្តីរាយការណ៍បានអោយដឹងទៀតថាកម្លាំងសមត្ថកិច្ចប្រដេញបង្រ្កាបលើផ្លូវសាធារណៈបែបនេះដែលត្រូវបានគេស្គាល់ថាជាកម្លាំងសម្ពន្ធមិត្តសត្វព្រៃ ហើយការបង្រ្កាបនេះអាចដោយសារតែទំនាស់ផលប្រយោជន៍ ឬសុីដាច់ កម្លាំងគ្នាឯង ព្រោះកន្លងមកគេសង្កេតឃើញក្រុមជនរកស៊ីបទល្មើសដឹកឈើ ប្រើប្រាស់រថយន្តប្រភេទសណ្ដោងរ៉ឺម៉កដឹកឈើបែបនេះចេញពីតំបន់ខាងលើធ្វើសកម្មភាពស្ទើររាល់យប់ រវាងក្រុមជនជនរកស៊ីដឹកឈើនិងក្រុមសមត្ថកិច្ចស្គាល់គ្នាដូចអណ្ដាតនិងធ្មេញទៅហើយ ស្រាប់តែនឹកឃើញបង្រ្កាបបែបនេះទៅវិញ ប៉ុន្តែបើធ្វើបែបនេះគ្រាន់តែគោះទឹកបង្អើលត្រីប៉ុណ្ណោះ ។

បើយោងតាមប្រភពដោយឡែកមួយផ្សេងទៀតបានបញ្ជាក់អោយដឹងទៀតថា បច្ចុប្បន្ន វត្ថុតាងទាំងរថយន្តសណ្ដោងរ៉ឺម៉ក និងឈើអារទាំងអស់ ត្រូវបានសមត្ថកិច្ចទាំងអស់នោះនាំយករថយន្ត១គ្រឿងដែលគេតែងតែឃើញដឹកទឹកកកលក់ រួចដឹកឈើនាំយកទៅរក្សាទុកបណ្ដោះអាសន្ននៅទីស្នាក់ការ សម្ពន្ធមិត្តសត្វព្រៃជួរភ្នំក្រវាញភាគកណ្ដាល។

ពាក់ពន្ធនិងករណីខាងលើនេះយើងរង់ចាំមើលទាំងអស់គ្នាថាតើគេមានចំណាត់ការស្រាវជ្រាវវែកមុខរកក្រុមដឹកជញ្ជូនឈើទាំងនោះអនុវត្តន៍ទៅតាមនីតិវិធីបែបណា វិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here