
………………………………………………
ខេត្តកំពង់ធំ ÷ ដោយសារតែហាងឆេងដីបានហក់ឡើងក្នុងតម្លៃខ្ពស់ទើបមានមេខ្យល់មកខ្សឹបដាក់ត្រចៀកអាជ្ញាធរស្រុកប្រាសាទបល្ល័ង្កថាដីនៅតំបន់ចំណុចខាងក្រោមនេះកំពុងតែមានឈ្មួញមករកទិញដោយមិនខ្វល់ជាដីរបស់រដ្ឋនោះឡើយ។
ដោយឡែកនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ដោយមានសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការដែលកំពុងតែធ្វើការនៅក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ មកថាសព្វថ្ងៃនេះមានសកម្មភាពឈូសឆាយដីព្រៃអភិរក្សសត្វខ្សឹបនៅជុំវិញភូមិការពឺតនិងឈូសឆាយដីព្រៃសហគមន៍សាមគ្គី ស្ថិតនៅក្នុងឃុំសាមគ្គី ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងអាជ្ញាធរភូមិ និងឃុំ រហូតដល់ស្រុក
បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការបានបន្តទៀតថាបើគ្មានការបើកភ្លើងខៀវពីលោកមេភូមិនិងលោកមេឃុំព្រមទាំងអាជ្ញាធរស្រុកនោះទេប្រហែលឈ្មួញដែលមានគ្រឿងចក្រមិនហ៊ានចូលទៅឈូសឆាយនៅក្នុងដែនដែលសមត្ថកិច្ចហាមឃាត់នោះឡើយម្យ៉ាងទៀតលោកមេភូមិនិងលោកមេឃុំព្រមទាំងលោកអភិបាលស្រុកកំពុងតែសហការគ្នាបំផ្លាញធនធានធម្មជាតិដូចជាដីអភិរក្សសត្វខ្សឹបដែលច្បាប់ត្រូវហាមឃាត់និងដីសហគមន៍សាមគ្គីដែលច្បាប់ត្រូវហាមឃាត់ រឿងរ៉ាវទាំងអស់នេះកំពុងតែប្រឆាំងនិងបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយ
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅក្នុងឃុំសាមគ្គីទាំងមូលសូមសំណូមពរទៅសម្ដេចក្រឡា ហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមវេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាដាក់ការស៊ើបអង្កេតរឿងដែលអាជ្ញាធរភូមិឃុំស្រុកកំពុងតែមានការពាក់ព័ន្ធនឹងអំពើពុករលួយឃុបឃិតគ្នាឈូសឆាយដីព្រៃសហគមន៍និងដីព្រៃអភិរក្សសត្វខ្សឹបនៅក្នុងភូមិការពឺតឃុំសាមគ្គីផងទាន។
ជុំវិញករណីចុះផ្សាយខាងលើនេះប្រជាពលរដ្ឋរងចាំមើលថាតើថ្នាក់ដឹកនាំនៅក្នុងខេត្តកំពង់ធំលោកបានជ្រាបព័ត៌មានរឿងកាប់ឆ្ការឈូសឆាយដីព្រៃខាងលើលក់ទៅឲ្យឈ្មួញនេះដែរឬទេ?
សារព័ត៌មានយើងស្វាគមន៍រាល់ការបកស្រាយពីសាមុីខ្លួនដែលពាក់ពន្ធ័ជានិច្ចដើម្បីឆ្លុះបញ្ចាំងការពិតសុក្រិតនិងយុត្តិធម៍ តើគ្រឿងចក្រនិងដើមឈើដួលរាបដល់ដីខាងលើនេះជាមធ្យោបាយបង្ហាញបញ្ចាំងពីទិដ្ឋភាពរបស់ក្រុមឈ្មួញឃុបឃិតគ្នាជាប្រព័ន្ធអង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយនិងជាសេចក្តីរាយការណ៌មួយដើម្បីឱ្យថ្នាក់ដឹកនាំបានឃើញផងដែរ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់ទាន់ពេលវេលាផងដែរ។
