តារាសម្ដែងអង់គ្លេស Hugh Grant រៀបការជាលើកដំបូងក្នុងវ័យ 57 ឆ្នាំ

46

យោងតាមរបាយការណ៍បានឱ្យដឹងថាតារាសម្តែងនិងផលិតករភាពយន្តអង់គ្លេសលោក Hugh Grant បានរៀបការជាលើកដំបូងក្នុងវ័យ 57 ឆ្នាំ។ប្រព័ន្ធផ្សព្វផ្សាយ BBC បានរាយការណ៍កាលពីថ្ងៃចន្ទថាអតីតកំលោះចាស់ដែលល្បីល្បាញដោយសារការសម្តែងរបស់គាត់ក្នុងរឿង “Four Weddings and A Funeral” “Notting Hill” និង “Paddington 2” នឹងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រីយូរអង្វែងឈ្មោះ Anna Eberstein ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ស៊ុយអ៊ែតអាយុ 39 ឆ្នាំ។របាយការណ៍របស់សារព័ត៌មាន The Sun បានបង្ហាញថាសេចក្តីប្រកាសពីអាពាហ៍ពិពាហ៍សម្រាប់គូស្វាមីភរិយានេះត្រូវបានផ្សព្វផ្សាយនៅតាមការិយាល័យចុះឈ្មោះរបស់ Kensington និង Chelsea នៅជិតផ្ទះរបស់ពួកគេដែលមានតំលៃ 10 លានផោន (ប្រហែល 13 លានដុល្លារអាមេរិក) នៅភាគខាងលិចទីក្រុងឡុង។

សារព័ត៌មាន The Sun បានបន្ថែមថាសេចក្តីជូនដំណឹងផ្លូវការស្តីពីអាពាហ៍ពិពាហ៍ដែលជិតមកដល់ត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍របស់ Chelsea Old Town Hall។ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថាអាពាហ៍ពិពាហ៍ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅចុងខែនេះ។

សារព័ត៌មាន The Sun បានស្រង់សម្តីប្រភពមួយបាននិយាយថា “នេះគឺជាថ្ងៃដែលគ្មានមិត្តភក្តិរបស់លោក Hugh ណាម្នាក់នឹកស្មានដល់”។ “គាត់នឹងក្លាយជានិវត្តន៍ជនឆាប់ៗនេះ ហើយចុងក្រោយគាត់ក្លាយជាបុរសដែលមានគ្រួសារ”។

ព័ត៌មាននេះក៏អាចជាការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់គាត់ផងដែរ ខណៈដែលជ័យលាភីពានរង្វាន់ Golden Globe រូបនេះបានរៀបរាប់ពីអាពាហ៍ពិពាហ៍ថា “មិនមានអ្វីរំភើបនិងអាថ៌កំបាំង” នៅក្នុងបទសម្ភាសន៍តាមវិទ្យុនៅឆ្នាំ 2016។

លោក Grant មានកូនសរុបប្រាំនាក់ រួមទាំងកូនបីនាក់ជាមួយអ្នកនាង Eberstein និងពីរនាក់ជាមួយអតីតដៃគូអ្នកនាង Tinglan Hong។

ថ្វីត្បិតតែគាត់មិនដែលបានរៀបការក៏ដោយ តារាសម្តែងរូបនេះជាប់ពាក់ព័ន្ធជាមួយទំនាក់ទំនងស្នេហាជាច្រើន។ វាល្បីបំផុតគឺស្នេហារបស់គាត់រយៈពេល 13 ឆ្នាំជាមួយតារាសម្តែងនិងម៉ូឌែល Liz Hurley មុនពេលពួកគេបែកគ្នានៅឆ្នាំ 2000៕