លោក Zidane លាលែងពីតំណែងជាគ្រូបង្វឹកក្រុម Real Madrid

43

គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានប្រាប់ព័ត៌មានភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ទី31 ខែឧសភា ដោយលាលែងពីក្លឹបយក្សអេស្ប៉ាញ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីឈ្នះជើងឯកក្របខ័ណ្ឌ Champions League សម្រាប់កំណត់ត្រាបីឆ្នាំជាប់ៗគ្នា។អតីតកីឡាករលំដាប់អន្តរជាតិវ័យ 45 ឆ្នាំរូបនេះ បានសំរេចចិត្តលាឈប់ពីតំណែងដោយនិយាយថាវាជាពេលវេលាសម្រាប់ការផ្លាស់ប្តូរខ្លួនឯង និងក្លឹប និងទទួលស្គាល់ថាគាត់មិនដឹងពីសមត្ថភាពរបស់គាត់ក្នុងការរក្សាកំណត់ត្រាឈ្នះរបស់គាត់នៅ Real ទេ។

ប៉ុន្តែគាត់បាននិយាយថាគ្មានក្លឹបណាមួយពាក់ព័ន្ធនៅក្នុងការសម្រេចចិត្តរបស់គាត់ក្នុងការចែកផ្លូវជាមួយ Real ឡើយ ហើយទោះបីអ្នកជំនាញបានភ្ជាប់គាត់ទៅនឹងការងារគ្រូបង្វឹកជម្រើសជាតិបារាំងក៏ដោយ ក៏លោក Zidane បានទទូចថាគាត់មិនកំពុងសម្លឹងមើលតំណែងថ្មីផ្សេងទៀតនៅពេលនេះទេ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានប្រាប់នៅសន្និសីទសារព័ត៌មានដែលត្រូវបានរៀបចំយ៉ាងប្រញាប់ប្រញាលមួយថា “ខ្ញុំបានសម្រេចចិត្តមិនបន្តនៅឆ្នាំក្រោយជាគ្រូបង្វឹករបស់ក្លឹប Real Madrid ទៀតទេ”។លោកបានបន្ថែមថា «ក្លឹបនេះសមនឹងបន្តទទួលជ័យជម្នះ ហើយត្រូវការការផ្លាស់ប្តូរ»។ លោកបានបន្ថែមថាលោកជឿជាក់ថា «ពេលវេលាបានមកដល់ហើយ»។

លោកបានបន្ថែមថា «បន្ទាប់ពីរយៈពេលបីឆ្នាំ ក្លឹបត្រូវការការពិភាក្សាមួយផ្សេងទៀត វិធីសាស្ត្រមួយផ្សេងទៀតនៃការធ្វើការ»។ក្រុម Real បានផ្តួលក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល 3-1 នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Kiev កាលពីថ្ងៃសៅរ៍ដែលធ្វើឱ្យលោក Zidane ក្លាយជាគ្រូបង្វឹកទី1 ក្នុងប្រវត្តិសាស្ត្រ ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League បីដង។

បច្ចុប្បន្ន Zidane បានឈ្នះពានរង្វាន់ចំនួនប្រាំបួនចាប់តាំងពីដឹកនាំក្រុមជំនួសលោក Rafael Benitez នៅក្នុងទឹកដី Santiago Bernabeu កាលពីខែមករាឆ្នាំ 2016។

នៅពេលលោក Benitez ត្រូវបានគេបណ្តេញចេញពីតំណែងកាលពីខែមករាឆ្នាំ 2016 សារព័ត៌មាន Barcelona ឈ្មោះ Mundo Deportivo បានចាត់ទុកលោក Zidane ថាគ្រាន់តែជា “ស្កុតរំរបួស” ដែលនឹងត្រូវជំនួសដោយគ្រូបង្វឹកអចិន្ត្រៃយ៍ភ្លាមៗ។នៅក្នុងសន្និសីទកាសែតលោក Zidane ត្រូវបានគាំទ្រដោយប្រធានក្លឹប Real Madrid លោក Florentino Perez ដែលបាននិយាយថាការប្រកាសរបស់ Zidane គឺ “មិនបានរំពឹងទុកទាំងស្រុង” ។

លោក Perez បាននិយាយថា “នេះគឺជាថ្ងៃដ៏សែនក្រៀមក្រំ”។

“ផ្ទះនេះនឹងក្លាយជាគ្រួសាររបស់គាត់ជារៀងរហូត គាត់បានជោគជ័យនិងឈ្នះគ្រប់យ៉ាងដូចដែលអ្នកដឹង។ ខ្ញុំអរគុណគាត់ចំពោះការប្តេជ្ញាចិត្ត មហិច្ឆិតារបស់គាត់ ខ្ញុំគ្មានអ្វីសង្ស័យទេដែលគាត់នឹងត្រលប់មកវិញ”៕