ពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនារបស់ម្ចាស់ក្លិប Leicester City ចាប់ផ្តើមនៅក្នុងប្រទេសថៃ

60

ពិធីបុណ្យសពរបស់មហាសេដ្ឋីថៃនិងជាម្ចាស់ក្លិបបាល់ទាត់ Leicester City លោក Vichai Srivaddhanaprabha ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីមួយសប្តាហ៍មុន បានចាប់ផ្តើមនៅវិហារសាសនាមួយនៅទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ទី 3 ខែវិច្ឆិកា ជាមួយពិធីស្រង់សុគន្ធវារីតាមបែបព្រះពុទ្ធសាសនាដោយប្រើទឹកដែលប្រទានដោយព្រះមហាក្សត្រថៃ។

លោក Vichai អាយុ 60 ឆ្នាំជាស្ថាបនិកក្រុមហ៊ុនយក្សរួចពន្ធ King Power International នៅប្រទេសថៃ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅជាមួយនឹងអ្នកដំណើរ 4 នាក់ផ្សេងទៀតនៅពេលដែលឧទ្ធម្ភាគចក្ររបស់គាត់បានធ្លាក់នៅខាងក្រៅកីឡដ្ឋាន King Power ក្នុងទីក្រុង Leicester ប្រទេសអង់គ្លេសបន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Premier League។ពិធីបុណ្យសពដែលមិនបានអនុញ្ញាតដល់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយនានា ត្រូវបានចូលរួមដោយសាច់ញាតិ មិត្តភក្តិ និងអ្នកនយោបាយជាន់ខ្ពស់ថៃ និងមន្ត្រីកីឡាបាល់ទាត់។

វាបានចាប់ផ្តើមជាមួយនឹងពិធីប្រោសព្រំសុគន្ធវារី ដោយប្រើប្រាស់ទឹកដែលបានប្រទានដោយព្រះមហាក្សត្រនិងកោដប្រាំបីជ្រុងជាការប្រទានឲ្យប្រើប្រាស់បណ្តោះអាសន្នដោយស្តេច Maha Vajiralongkorn នឹងមានរយៈពេលប្រាំពីរថ្ងៃ។ព្រះមហាក្សត្រថៃបានផ្តល់នូវកិត្តិយតាមប្រពៃណីនេះសំរាប់ពិធីបុណ្យសពរបស់មន្រ្តីរដ្ឋជាន់ខ្ពស់ ឬប្រជាពលរដ្ឋដែលបានលះបង់ជីវិតរបស់ខ្លួនដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ។

នៅខាងក្រៅវិហារនេះ កាលពីថ្ងៃសៅរ៍ លោក Kiatisuk Zico Senamuang ដែលជាអតីតគ្រូបង្វឹកជម្រើសជាតិថៃដែលបានចូលរួមការប្រកួតរបស់ក្លិប Leicester ផងដែរបានប្រាប់អ្នកយកព័ត៌មានថាពិភពបាល់ទាត់អន្តរជាតិបានបាត់បង់អ្នកស្នេហាកីឡាបាល់ទាត់ដ៏សំខាន់។

“ខ្ញុំមានមោទនភាពចំពោះគាត់ … មិនត្រឹមតែប្រជាជនថៃប៉ុណ្ណោះទេ ថែមទាំងអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកទៀត ក៏សោកស្តាយចំពោះការបាត់បង់រូបគាត់ផងដែរ”។ខ្សែប្រយុទ្ធ Jamie Vardy របស់ក្រុម Leicester City និងមិត្តរួមក្រុមរបស់គាត់នឹងធ្វើដំណើរទៅប្រទេសថៃដើម្បីចូលរួមពិធីបុណ្យសពបន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ជាមួយក្រុម Cardiff City។

លោក Vichai ដែលបានទិញក្លិប Leicester City កាលពីឆ្នាំ 2010 ត្រូវបានអ្នកគាំទ្រសរសើរបន្ទាប់ពីក្លិបបានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានឈ្នះក្នុងលទ្ធភាព 5,000/1 ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League នៅឆ្នាំ 2016 ដែលប្រៀបបានជារឿងនិទានកីឡា។

មហាសេដ្ឋីថៃបានស្លាប់រួមជាមួយបុគ្គលិកពីរនាក់របស់គាត់ អាកាសយានិក និងអ្នកដំណើរម្នាក់នៅពេលដែលឧទ្ធម្ភាគចក្របានធ្លាក់ចុះមកក្នុងចំណតមួយបន្ទាប់ពីបានហោះចេញនៅថ្ងៃទី 27 ខែតុលា។ សាកសពរបស់គាត់បានមកដល់បាងកកកាលពីថ្ងៃសុក្រ។គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសាររាជវង្សថៃដោយត្រូវបានប្រទានឈ្មោះ Srivaddhanaprabha ដែលមានន័យថា ពន្លឺនៃភាពរុងរឿង ជាកិត្តិយសដល់គ្រួសាររបស់គាត់ក្នុងឆ្នាំ 2012។

លោក Aiyawatt Srivaddhanaprabha ដែលមានឈ្មោះហៅក្រៅថា “Top” កូនពៅរបស់លោក Vichai និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន King Power  បាននិយាយកាលពីសប្តាហ៍មុនថាគាត់បានទទួលបេសកកម្មនិងកេរ្តិ៍ដំណែលដ៏ធំមួយពីឪពុករបស់គាត់។ ការស្លាប់របស់លោក Vichai បានកើតឡើងប៉ុន្មានសប្តាហ៍ មុនពេលការប្រកាសលក់ឡៃឡុង សម្រាប់សម្បទានពាណិជ្ជកម្មព្រលានយន្តហោះរូចពន្ធរបស់ប្រទេសថៃដែលគំរាមកំហែងបញ្ចប់ភាពស្ទើរផ្ដាច់មុខរបស់ក្រុមហ៊ុន King Power។ក្រុមហ៊ុន King Power បច្ចុប្បន្នគ្រប់គ្រងទីផ្សារជាង 90% នៃទីផ្សាររួចពន្ធរបស់ប្រទេសថៃដែលជាក្រុមហ៊ុនប្រតិបត្តិតែមួយគត់ជាមួយសម្បទាននៅក្នុងព្រលានយន្តហោះធំៗទាំងអស់នៅក្នុងប្រទេសរហូតដល់ឆ្នាំ 2020៕