កាណាដាដោះលែងលោកស្រី Meng Wanzhou  ជាមួយការបង់ប្រាក់ធានានៅក្រៅឃុំ

35

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ត្រូវបានដោះលែងជាមួយការបង់ប្រាក់ធានាឲ្យនៅក្រៅឃុំនៅប្រទេសកាណាដា។

លោកស្រី Meng Wanzhou  ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះទីក្រុង Vancouver នៅថ្ងៃទី 1 ខែធ្នូតាមសំណើរបស់សហរដ្ឋអាមេរិក។

លោកស្រី​ Meng ត្រូវបានគេសង្ស័យបន្លំស្ថាប័នហិរញ្ញវត្ថុសហរដ្ឋអាមេរិកអំពីបណ្តាញរបស់ក្រុមហ៊ុន Huawei ទៅក្រុមហ៊ុនដែលលក់ឧបករណ៍ទូរគមនាគមន៍ទៅឱ្យប្រទេសអ៊ីរ៉ង់ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃអង្គារ លោកស្រីបានចាកចេញពីតុលាការនៅប្រទេសកាណាដាបន្ទាប់ពីត្រូវបានធានាឱ្យនៅក្រៅឃុំជាមួយទឹកប្រាក់ចំនួន 7,5 លានដុល្លារសហរដ្ឋអាមេរិក។

លោកស្រីក៏ត្រូវបានគេបញ្ជាឱ្យប្រគល់លិខិតឆ្លងដែនចិននិងហុងកុងរបស់លោកស្រីហើយបំពាក់ GPS ផងដែរ។

លោកស្រី Meng ត្រូវបានគេតម្រូវឱ្យស្នាក់នៅផ្ទះនៅក្នុងប្រទេសកាណាដា ខណៈពេលដែលកំពុងចាប់ផ្តើមសមរភូមិផ្លូវច្បាប់លើការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក៕