តួកគីយល់ព្រមផ្អាកសកម្មភាពយោធានៅស៊ីរី

19

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence មានប្រសាសន៍ថាប្រទេសតួកគីបានយល់ព្រមផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងជើងប្រទេសស៊ីរីអស់រយៈពេល ១២០ ម៉ោង។

លោក Pence បានធ្វើអត្ថាធិប្បាយបន្ទាប់ពីបានជួបជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍។

លោក Pence បាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានយល់ព្រមមិនដាក់ទណ្ឌកម្មបន្ថែមទេប្រសិនបើប្រទេសតួកគីគោរពបទឈប់បាញ់។

លោក Pence បានបន្ថែមថាលោកប្រធានាធិបតី Trump ក៏បានយល់ព្រមដកទណ្ឌកម្មនាពេលបច្ចុប្បន្នប្រសិនបើប្រទេសតួកគីបញ្ឈប់សកម្មភាពយោធាទាំងស្រុង។

មុនការលើកឡើងរបស់លោក Pence លោក Trump បានបង្ហោះតាម Twitter ដោយបង្ហាញថាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់នៅក្នុងកិច្ចប្រជុំហើយ។

លោក Trump បានធ្វីតថា “ដំណឹងដ៏អស្ចារ្យចេញពីប្រទេសតួកគី”។

គាត់បានថ្លែងអំណរគុណដល់លោក Erdogan ដោយនិយាយថា “ជីវិតរាប់លាននាក់នឹងត្រូវបានសង្គ្រោះ!”